ក្រោយជួយ Man City ឈ្នះពាន៣ បែលហ្ស៊ិកកោះហៅ Kompany ចូលជម្រើសជាតិវិញ

ដោយ: ទេព ពិទូរ្យ
បែលហ្ស៊ិកកោះហៅខ្សែការពារ Vincent Kompany ចូលក្រុមជម្រើសជាតិវិញសម្រាប់ការប្រកួតវគ្គជម្រុះ Euro ឆ្នាំ ២០២០ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងបានល្អដោយជួយ Manchester City ឈ្នះពាន៣ក្នុងមួយរដូវកាល។ ក្រុមជម្រើសជាតិបែលហ្ស៊ិនឹងត្រូវប៉ះកាហ្សាក់ស្ថាន និងស្កុតឡែន។
ខ្សែការពារវ័យ ៣៣ ឆ្នាំរូបនេះបានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថារូបនឹងចាកចេញពីទឹកដី Etihad ដើម្បីត្រឡប់ទៅចូលរួមជាមួយក្លិបចាស់ Anderlecht នៅឯប្រទេសកំណើត ក្នុងនាមជាកីឡាករផង និងអ្នកចាត់ការផង។
Kompany បានអាក់ខានបង្ហាញខ្លួនឲ្យបែលហ្ស៊ិកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ ម្លេះ ប៉ុន្តែរូបគេបានក្លាយជាតួអង្គសំខាន់ក្នុងការជួយក្រុមរបស់លោក Pep Guardiola ការពារជើងឯក Premier League ព្រមទាំងឈ្នះពាន ៣ ក្នុងស្រុកជាប្រវត្តិសាស្ត្រក្លិបរដូវកាលនេះ។
ដោយសារមើលឃើញពីគុណសម្បត្តិជាច្រើនរបស់ Kompany គ្រូបង្វឹកជម្រើសជាតិរហស្សនាមបិសាចក្រហមលោក Roberto Martinez បានសម្រេចកោះហៅខ្សែការពារដ៏រឹងមាំរូបនេះចូលទៅជួយក្រុមវិញ។
គ្រូសញ្ជាតិអេស្ប៉ាញ និងជាអតីតអ្នកចាត់ការក្រុម Everton លើកឡើងថា៖ «គាត់ (Kompany) នឹងត្រូវចូលមកជួយក្រុមវិញក្នុងនាមជាកីឡាករ មិនមែនជាគ្រូបង្វឹកទេដើម្បីប្រជែងកៅអីឈានទៅការប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020»។
បែលហ្ស៊ិក នឹងត្រូវតទល់ជាមួយកាហ្សាក់ស្ថាននៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៩ មុនពេលជួបស្កុតឡែននៅបីថ្ងៃបន្ទាប់ ដោយការប្រកួតទាំងពីរនឹងប្រព្រឹត្តទៅក្នុងក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក៕
https://www.thmeythmey.com/?page=detail&id=78410
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
Comments