ជប៉ុន ចង់ជួយដោះស្រាយបញ្ហាសំរាមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រភពរូប៖ Asian Nikkei
ដោយ: អឹុម ម៉េងស៊ាង
បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពីន វៀតណាម និងឥណ្ឌូណេស៊ី កំពុងក្លាយជាទីផ្សារដ៏មានសក្តានុពលសម្រាប់រោងចក្រប្រែក្លាយសំណល់ទៅជាថាមពលរបស់ជប៉ុន ។ តាមរយៈគម្រោងដៃគូឯកជន-រដ្ឋថ្មីមួយរបស់ខ្លួន ជប៉ុន សង្ឃឹមនឹងប្រើប្រាស់ជំនាញក្នុងវិស័យកែច្នៃនេះ ដើម្បីបង្កើតទៅជាកាលានុវត្តភាព។
ចាប់តាំងពីសេដ្ឋកិច្ចខ្លួន មានសន្ទុះខ្លាំងក្លា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០មក ប្រទេសជប៉ុន បានប្រយុទ្ធប្រឆាំងនឹងបញ្ហាសំណល់ ដោយបណ្តាក្រុមហ៊ុនជប៉ុន បានអភិវឌ្ឍរោងចក្រផលិតថាមពល ដែលទាញផលពីសំណល់។ វិធានការនេះ ក៏ចូលរួមកាត់បន្ថយបញ្ហាការបំពុលខ្យល់ផងដែរ។
បច្ចុប្បន្ននេះ ជប៉ុន មានរោងចក្រប្រែក្លាយសំរាមឲ្យទៅជាថាមពលចំនួន ៣៨០កន្លែង ដែលស្មើនឹងជាង ៣០ភាគរយនៃទីតាំងកែច្នៃសំណល់នៅទូទាំងប្រទេស។ តួលេខនេះ បានកើនឡើងច្រើនជាង ២០ភាគរយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថានជប៉ុន។
យោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Asian Nikkei កាលពីចុងខែមិថុនាកន្លងទៅ រដ្ឋាភិបាលជប៉ុន កំពុងបង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន ដើម្បីផ្តល់សន្ទុះដល់ការនាំចេញរោងចក្រប្រែក្លាយសំណល់ទៅថាមពល ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះ ក៏នឹងផ្តល់ឲ្យអ្នកទិញនូវសេវាកម្មមួយចំនួន រួមមាន ការប្រមូលសំរាម ការបែងចែកសំរាម ការកែច្នៃសំរាមឡើងវិញ និងដំណោះស្រាយដើម្បីកាត់បន្ថយសំណល់ ដែលអនុវត្តប្រកបដោយភាពជោគជ័យក្នុងប្រទេសជប៉ុន។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គម្រោងរោងចក្រប្រែក្លាយសំណល់ទៅជាថាមពលនេះ ធ្លាប់ត្រូវបានណែនាំទៅកាន់ប្រទេសមួយចំនួន ដូចជា សិង្ហបុរី និងថៃ។ យ៉ាងណាមិញ ប្រទេសទាំងនេះ ហាក់ពុំខ្វល់ខ្វាយនឹងបច្ចេកវិទ្យាប្រភេទនេះ ដោយសារតែថ្លៃចំណាយខ្ពស់លើការស្ថាបនា និងការថែទាំ។
ទោះជាបែបនេះក្តី គម្រោងបៃតងនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង នាពេលចុងក្រោយ ខណៈកំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បង្កប៉ះពាល់ជាខ្លាំងដល់បរិស្ថាន ជាពិសេសបញ្ហាសំរាម។
អង្គការកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលសមាជិកនៃ World Bank Group បានព្យាករថា ទីផ្សារសាកលសម្រាប់រោងចក្រទាំងនេះ នឹងពង្រីកពី៧,៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៣ ទៅកាន់ ៨០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។
ស្របពេលដែលចិន កំពុងស្វែងរកទីផ្សារសម្រាប់បច្ចេកវិទ្យាប្រែក្លាយសំរាមទៅជាថាមពលរបស់ខ្លួន ជប៉ុនឯណោះវិញ ក៏កំពុងផ្តល់នូវកញ្ចប់រួមមួយ ដែលរាប់បញ្ចូលប្រព័ន្ធកម្ចាត់ចោលសំណល់ ការហ្វឹកហាត់ ក៏ដូចជាការកែច្នៃឡើងវិញ និងសេវាកម្មផ្សេងទៀតៗផងដែរ។
តាមការចុះផ្សាយរបស់កាសែត Asian Nikkei ក្រសួងបរិស្ថានជប៉ុន បានដាក់បញ្ចូល ១៨,៤៩លានដុល្លារក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០១៩របស់ខ្លួន ដើម្បីគាំទ្រការស្ទង់មតិ និងសកម្មភាពនានា ពាក់ព័ន្ធនឹងការដាក់ដេញថ្លៃគម្រោងកែច្នៃសំរាមឲ្យក្លាយជាថាមពលក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ប្រទេសវៀតណាម ជប៉ុន មានគម្រោងដោះស្រាយបញ្ហាបំពុលទឹកក្រោមដី រួមមានការពង្រឹងប្រព័ន្ធបង្ហូរទឹកសម្អុយជាដើម។ ក្រសួងបរិស្ថានជប៉ុន មានគម្រោងប្រើប្រាស់ទីក្រុងហាណូយ ជាទីក្រុងគំរូសម្រាប់គំនិតផ្តួចផ្តើមនេះ។ រីឯ ឥណ្ឌូណេស៊ី មានបញ្ហាសំរាមធ្ងន់ធ្ងរ។ ជាលទ្ធផល សំណល់ប្លាស្ទិក និងសំណល់ពុល កំពុងហូរចាក់ទៅកាន់មហាសមុទ្រ។ ក្រសួងបរិស្ថានជប៉ុន កំពុងសិក្សាលើបរិមាណសរុបនៃសំរាមរបស់ប្រទេសនេះ ។
ចំណែកក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ ដែលបង្កើតជាការបំពុលខ្យល់ និងទីតាំងគំនរសំរាមច្រើនលើសលប់ បង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ សម្រាប់បញ្ហានេះ ជប៉ុន នឹងផ្តល់ឲ្យនូវបច្ចេកវិទ្យាគ្រប់គ្រងសំរាម ដែលបង្កាការបញ្ចេញផ្សែងពុល និងសារធាតុពុលនានា ដែលកើតចេញពីសំរាមទាំងនោះ។ បច្ចុប្បន្ននេះ ជប៉ុន បានបញ្ចប់ការសិក្សាររួចរាល់ស្តីពីស្ថានការណ៍ក្នុងប្រទេសហ្វីលីពីន៕
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
www.thmeythmey.com/?page=detail&id=80563
Comments