ប្រវត្តិលោក គង្គ ប៊ុនឈឿន ជាកវីម្ចាស់ស្ទឹងសង្កែ
ប្រវត្តិលោក គង្គ ប៊ុនឈឿន ជាកវីម្ចាស់ស្ទឹងសង្កែ

កំណើត៖ លោក គង្គ ប៊ុនឈឿន កើតនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៩៣៩ ដែលមានស្រុកកំណើតនៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយបាត់បង់ជីវិតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ ប្រទេសន័រវេស។ លោកមានឪពុកឈ្មោះ គង្គ ឈិន (ស្រុកកំណើតនៅខេត្តតាកែវ) និងម្តាយឈ្មោះ ម៉រ ភឹង (ស្រុកកំណើត ខេត្តបាត់ដំបង)។

ប្រវត្តិការងារ៖ លោកតា គង្គ ប៊ុនឈឿន ធ្លាប់ធ្វើជាអ្នកកាសែត, អ្នកដឹកនាំសម្តែង, អ្នកនិពន្ធពាក្យរាយកាព្យ ចម្រៀង កំណាព្យ, អ្នកនិពន្ធបទភ្លេង, អ្នកគូរគំនូរ, កម្មករសំណង់ និងជាអ្នកលក់សាច់។

លោកតា គង្គ ប៊ុនឈឿន និងភរិយា
ប្រវត្តិសិល្បះ៖ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។ លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។ នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។ លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ។

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង
Comments