រឿងអ្នកតានៅស្រុកមោង ខេត្តបាត់ដំបង

នៅស្រុកមោង (ខេត្តបាត់ដំបង) មានអ្នកតាមួយល្បីថាពូកែ ហើយកាចថែមទៀត។ អ្នកតានេះកាចមែន តែចេះជួយថែរក្សាអ្នកស្រុក។ អ្នកស្រុកក៏សង់តូបមួយយ៉ាងធំអំពីថ្មឲអ្នកតានៅ។ តូបនោះសង់នៅក្រោមដើមជ្រៃមួយធំអស្ចារ្យ។ អ្នកដំណើរឫក្មេងឃ្វាលគោ តែងតែឈប់សំរាកឫក៏ដេកនៅក្នុងតូបអ្នកតានោះជារៀងរាល់ដងនៅពេលថ្ងៃត្រង់ ព្រោះកន្លែងត្រជាក់រហ៊ឹមជានិច្ច។
នៅក្នុងតូបអ្នកតាគេឃើញតាំងតែពីលុយ មាស ប្រាក់ កែងកង សំពត់ ផាមួង គ្រប់មុខ ដែលអ្នកស្រុកយកមកសែន តែគ្មានអ្នកណាហ៊ានទៅប៉ះពាល់ឫក៏លួចទេ ព្រោះខ្លាចអ្នកតា "ធើ"។
និយាយពីចិនម្នាក់ឈ្មោះអាចឹក អ៊ា។ ចិននេះមកពីស្រុកចិនមុនចិនឯទៀតៗ។ តែមិនដឹងជាអកុសលអី រកស៊ីមិនចេះមានបាននិងគេសោះ!។ រាល់ថ្ងៃអាចឹក អ៊ា ដើរតែទិញ《ស៊ីប៉កឡប》និង《ស៊ីប៉កឪទិន》《អ៊េកចាយ》។ ចិននេះចំណាស់បន្តិចហើយ ហើយបានមករស់នៅស្រុកមោង តាំងតែពីគាត់មកពីស្រុកចិនម៉្លេះ។ អ្នកតាដឹងថាអាចឹកអ៊ាក្រពេកក៏ចង់ជួយដែរ តែលេខគាត់មិនទាន់ត្រូវដល់ថ្ងៃអ្នកតាជួយ។
ថ្ងៃមួយអាចឹកអ៊ា បានរែកកញ្ឆេមកដល់មុខតូបអ្នកតា។ ដោយថ្ងៃក្តៅខ្លាំងពេក គាត់ក៏ចូលដេកនៅក្នុងតូបអ្នកតានោះទៅ។ នៅពេលដែលគាត់កំពុងដេកលក់《អាលីវៗ》ស្រាប់តែលោកតាដាស់គាត់ឲមកលេងបៀជាមួយ។ មុនដំបូងគាត់ប្រកែកថា មិនហ៊ានលេងទេ ព្រោះខ្លាច"ឌឹក"លុយអស់។ លោកតាចេះតែបង្ខំ.....ដល់បង្ខំយូរទៅ អាចឹកអ៊ាក៏ព្រមលេងជាមួយ។
ដល់ពេលលេង មិនដឹងជាចៃដន្យអី លោកតាចេះតែលេងចាញ់អាចឹកអ៊ា។ លោកតាមួរម៉ៅដាក់អស់ហើយ តាំងតែពីហូល ផាមួង ផាឌិបដែលគេយកមកថ្វាយទាំងប៉ុន្មាន។ លេងបានកន្លះល្ងាច លោកតាចាញ់អាចឹកអ៊ាខ្ទេច។ អាចឹកអ៊ាសប្បាយចិត្តអស្ចារ្យ ព្រោះមិនដែលមានថ្ងៃណាលេងបៀឈ្នះសន្ធឹកសន្ធាប់អញ្ចឹងទេ។ រួចមកគាត់ក៏ទៅខ្ចីរទេះគោគេមកដឹកយកឥវែឥវ៉ាន់ពីតូបអ្នកតាខ្ទេច នៅសល់តែសំបកតូបទទេស្អាត។
ចាប់តាំងពីថ្ងៃនោះមក អាចឹកអ៊ាក៏បានក្លាយខ្លួនទៅជាអ្នកមានម្នាក់យ៉ាងធំនៅស្រុកមោង។ ចំណែកឯអ្នកតា ក្រោយពីចាញ់បៀអស់ហើយ មានការក្តៅក្រហាយនិងតូចចិត្តខ្លួនឯង ជាអតិបរិមា ណាមួយខ្មាស់អ្នកស្រុក ណាមួយទ្រព្យដែលខំសំន្សំមកជាច្រើនឆ្នាំហើយ មិនគួរមកឲអស់ទៅវិញមួយល្ងាចអញ្ចឹងសោះ!!។
យប់មួយអ្នកតាក៏ដើរពន្យល់សប្តិប្រាប់អ្នកស្រុកថា គាត់លែងនៅស្រុកមោងនេះទៀតហើយ ព្រោះខ្មាស់អាចឹកអ៊ានិងអ្នកស្រុកខ្លាំងណាស់។ អ្នកស្រុកឮដូច្នោះ ក៏នាំគ្នាមកលេងភ្លេងអង្វរអោយអ្នកតានៅតទៅទៀត កុំអោយរត់ចោលស្រុកអី។ ដោយគេអង្វរពេកទៅ អ្នកតាក៏សុខចិត្តនៅតទៅទៀត ប៉ុន្តែតាំងពីនោះមកអោយតែចិនណាហ៊ានដើរកាត់មុខតូបលោកតា លោកតាធ្វើឲចុកពោះប្រកាច់ស្លាប់មួយរំពេច ព្រោះមួម៉ៅនិងរឿងលេងបៀចាញ់ចិន។
ពីថ្ងៃនោះរហូតមក ពួកអាតោហ៊ាលែងហ៊ានដើរកាត់តូបអ្នកតានោះតែម្តង ព្រោះខ្លាចចុកពោះប្រកាច់ងាប់មុនអាយុ៕
**ប្រភពមិនច្បាស់លាស់**
Comments